
ទឹកជំនន់ពីខាងប្រទេសថៃ កំពុងបង្កកង្វល់ជាថ្មីនៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា ថៃ ហាក់បានស្រកវិញហើយ ប៉ុន្តែទឹកជំនន់ពីខាងប្រទេសថៃ បង្កកង្វល់ជាថ្មីនៅក្រុងប៉ោយប៉ែត ខណៈដែលស្រុក៤ទៀត មាន ៖ ម៉ាឡៃ អូរជ្រៅ ស្វាយចេក និងថ្មពួក ដែលស្ថិតនៅបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក៏បាននឹងតាមដាន និងធ្វើបច្ចុប្បន្នភាពស្ថានភាពទឹកជំនន់ និងជំនន់ទឹកភ្លៀងដែរ ។
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ដែលស្រុងចុះពីប្រទេសថៃ នៅក្បែរអូរជ្រៅជាអូរព្រំដែន កម្ពុជា ថៃក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ក្នុងនោះ ក្រុមការងារក៏បានជួយសង្គ្រោះជម្លៀសបងប្អូនប្រជាពលរដ្ឋរងគ្រោះជាង១០គ្រួសារឡើងមកទួលសុវត្ថិភាពដែលក្នុងនោះបាននឹងកំពុងសាង សង់រោងតង់។
លោក គាត់ ហ៊ីល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជារួម អាចថា ជំនន់ទឹកភ្លៀងកន្លងមកក្នុងភូមិសាស្ត្របានស្រកច្រើនហើយ ។ ប៉ុន្តែជំនន់លើកទី២នេះ គឺទឹកមកពីក្រៅភូមិសាស្ត្រគឺទឺកជំនន់ស្រុងចុះមកពីប្រទេសថៃ ដែលបង្ករងផលប៉ះពាល់ថ្មីដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងការពារព្រំដែន ។
ក្រោយបានចុះពិនិត្យមើលស្ថានភាពទឹកហក់ឡើងរួចមក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំកងកម្លាំងរៀបចំទីជម្រកសុវត្ថិភាព ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានស្នាក់នៅ ទទួលទានអាហារ មានថ្នាំសង្កូវ និងសេវាចាំបាច់នានាដើម្បីសុខសុវត្ថិភាព ជីវភាព។
បន្ថែមលើនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោយជាប់ ផ្តល់ព័ត៌មានដើម្បីជួយសម្របសម្រួលក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តក៏សូមដល់បងប្អូនប្រជាពលរដ្ឋរស់នៅដោយអនាម័យស្អាត និងចូលរួមអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ ។
យោងប្រភពពីស្រុក៤ទៀត នៅបណ្តោយព្រំដែនថា មកទល់ថ្ងៃទី២០ខែតុលានេះ ស្ថានភាពទឹកបានប្រែប្រួល ហក់ឡើងដែរ ប៉ុន្តែមិនទាន់បង្ករងគ្រោះទេ គ្រាន់តែត្រូវប្រឈម ហើយចាំបាច់ត្រូវប្រុងប្រយ័ត្នជាមុន៕ ដោយ ៖ នាយកំសត់