ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២នេះ អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។ ដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា ក្នុងដំណើរដ៏មានសារៈសំខាន់ទៅកាន់មីយ៉ាន់ម៉ានាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំយកទៅជាមួយនូវជំនួយជាលើកទី៣ជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។

ជំនួយដែលសម្តេចតេជោនឹងប្រគល់ជូនមីយ៉ាន់ម៉ានេះ រួមមាន ៖ ម៉ាស ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន, របាំងការពារមុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។

នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសនេះ កំពុងមានវិបត្តិនយោបាយ និងជួបភាពវឹកវរ ក្រោយមានរដ្ឋប្រហារទម្លាក់លោកស្រី អោង សានស៊ូជី ចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០២១។

ជំនួយលើកទី១ បានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖ ម៉ាសជាង ២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត។

ជំនួយលើកទី២ ត្រូវបានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រួមមាន៖ ថវិកា ២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យមួយចំនួនទៀត រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដាំរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។

កាលពីខែសីហា ឆ្នាំ២០២១នោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ១០ម៉ឺនដុល្លារទៅកាន់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ៕