
លោក Rodrigo Duterte គំរាមចាប់ខ្លួនអ្នកដែលមិនចាក់វ៉ាក់សាំងកូវីដ១៩
ហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា អ្នកដែលមិនចាក់វ៉ាក់សាំងកូវីដ១៩នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេមិនគោរពតាមបញ្ជាឱ្យស្នាក់នៅផ្ទះ ខណៈដែលការឆ្លងបានកើនឡើងខ្ពស់ក្នុងរយៈពេល៣ខែ។
លោក Duterte បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិ ថា លោកកំពុងស្នើសុំឱ្យមេដឹកនាំសហគមន៍ស្វែងរកមនុស្សដែលមិនចាក់វ៉ាក់សាំង ឲ្យបានដិតដល់បំផុត ហើយត្រូវប្រាកដថា ពួកគេទាំងនោះស្នាក់នៅក្នុងផ្ទះ មិនចេញទៅក្រៅ។ លោក Duterte បាននិយាយថា ប្រសិនបើនរណាម្នាក់ប្រឆាំងបទបញ្ជា ហើយនៅតែជម្នះចេញទៅក្រៅផ្ទះ ទាំងដែលខ្លួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងនោះ អាជ្ញាធរមានសមត្ថកិច្ច អាចចាប់ខ្លួនបុគ្គលនោះបាន។
ក្រសួងសុខាភិបាលបាននិយាយថា ការឆ្លងវីរុសកូវីដ១៩ប្រចាំថ្ងៃនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ២៦ ខែកញ្ញា មក ដោយមានចំនួនអ្នកឆ្លង១៧,២២០ករណីកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងករណីដែលបង្កឡើងដោយវីរុស Omicron ផងដែរ៕