គម្រោងសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ គ្រោងចំណាយថវិកាប្រមាណ១០លានដុល្លារត្រូវបានក្រុងពាលីបុកគ្រឹះសាងសង់

ខេត្តកណ្តាល ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ នៅក្នុងស្រុកធំ ខេត្តកណ្ដាល។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត អភិបាលស្រុកស្អាងនិងស្រុកលើកដែក ក្រុមគ្រូពេទ្យនិងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកស្រុកកោះធំ ប្រជាពលរដ្ឋស្រុកកោះធំសរុបប្រមាណ៥៩០នាក់។

ថ្លែងទៅកាន់អង្គពិធីនាពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ខួបអនុស្សាវរីយ៍លើកទី៤៣ ៧មករា ១៩៧៩ និង ៧មករា ២០២២ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបជុំគ្នាថ្ងៃនេះដើម្បីបញ្ចុះបឋមសីលាកសាងមន្ទីរពេទ្យជូនបងប្អូនប្រជាពលរដ្ឋយើង។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមពីសារសំខាន់នៃកត្តាសុខសន្តិភាព ដែលផ្ដល់ឱកាសឱ្យយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា ទាក់ទាញទេសចរណ៍មកលេងកម្ពុជា នាំយកផលិតផលទៅលក់នៅបរទេសបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីផងដែរថា មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ បន្ថែមពីលើនេះ មន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោ សែន កោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

សូមជម្រាបជូនថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២៕