វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៥,៧៧៩ករណី» និងស្លាប់ថ្មី២០២នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៧៧៩ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន២០២នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News ។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ២,៨១១ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៤៧២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Hải Phòng មានចំនួន៨៣៦ករណី, ខេត្ត Khánh Hòa ចំនួន៧៩០ករណី និងខេត្ត Bình Phước ចំនួន៦៧៩ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៨៩៩,៥៧៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៥០០,២៤៨នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៤,៣១៩នាក់៕