បងប្អូនជនជាតិដើមភាគតិចរៀបចំកម្មវិធីសែនព្រេននៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ឯកឧត្តមអភិបាលខេត្ត

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បងប្អូនជនជាតិដើមភាគតិចព្នង (ពូនង) នៅខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីកាប់ក្របី សែនព្រេន តាមប្រពៃណី នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ច ឯកឧត្តម ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ។

ក្នុងពិធីដ៏អធិកអធមនោះដែរ ក៏មានវត្តមានឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ស្រុក និងតំណាងចាស់ទុំជនជាតិដើមភាគតិច មកពីបណ្តាក្រុង/ស្រុកទាំង ០៥ក្នុងខេត្ត និងយុវជនជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅលើភ្នំលោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

ក្នុងពិធីនោះ តំណាងចាស់ទុំជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ក៏បានបួងសួងដល់បារមីរបស់លោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) តាមជួយថែរក្សា ការពារលើទឹកដីនៃខេត្តមណ្ឌលគិរី សូមតាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិចទាំងអស់ ឲ្យទទួលបានសេចក្តីសុខសប្បាយ និងចៀសផុតពីជំងឺផ្សេងៗ។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការរំភើបសប្បាយរីករាយ ដែលបងប្អូនជនជាតិដើមភាគតិច បានរៀបចំកម្មវិធីសែនព្រេន តាមប្រពៃណី ដើម្បីទទួលស្វាគមន៍រូបគាត់ ដែលមកកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី។

ឯកឧត្តម ក៏បានបួងសួងដល់វត្ថុសាក់សិទ្ធក្នុងលោក ជាពិសេស លោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) សូមជួយរក្សា ការពារ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចទាំងអស់ សូមមានសុខភាពល្អ និងចៀសផុតពីជំងឺតម្កាត់នានា។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលរដ្ឋបាលក្រុង/ស្រុក បានកំណត់ជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ៕ ដោយ ៖ ផល្លិត ហៅរ៉ា