សហរដ្ឋអាមេរិកមនុស្សជាង ៣០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣០៨នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៣០៨,៦១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣០៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦១,២៦៣,០៣០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៥៩,៣៥៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.២៥លាននាក់។

អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍នេះថា វីរុស COVID-19 បំប្លែងថ្មី Omicron បាននិងកំពុងធ្វើឲ្យអត្រា អ្នកចូលសម្រាកក្នុងមន្ទីរពេទ្យ កើនយ៉ាងគំហុកឡើងវិញ បើធៀបនឹងអំលុងខែមករា ឆ្នាំ២០២១ ដែលជាពេលអាមេរិកបានរងការវាយលុកខ្លាំង ដោយសារវីរុស Delta។ តែយ៉ាងណា អត្រាស្លាប់បង្កឡើងដោយ Omicron គឺហាក់នៅទាបជាង Delta៕