ក្រសួងការងារប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តភាពច្រវាក់ផលិតកម្ម អាជីវកម្ម ការរក្សាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូល ដែលជាផលប្រយោជន៍រួមទាំងនិយោជក និងកម្មករនិយោជិត ដោយចូលរួមបង្ការមិនឱ្យមានហានិភ័យដែលកើតឡើងដោយសារតែការរីករាលដាលនៃជំងឺឆ្លងទាំងឡាយ ជាពិសេសជំងឺកូវីដ-១៩។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ប្រតិបត្តិស្តង់ដាស្តីពី ដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ីត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានជំនឿយ៉ាងមុតមាំថា ម្ចាស់រោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងដៃគូរពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមសហការជាមួយមន្រ្តីក្រសួង ក្នុងការជំរុញការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដានេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវនិរន្តភាព ច្រវ៉ាក់ផលិតកម្ម អាជីវកម្ម ការរក្សាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូល ដែលជាផលប្រយោជន៍រួមទាំងនិយោជក និងបងប្អូនកម្មករនិយោជិត ដោយចូលរួមបង្ការមិនឱ្យមានហានិភ័យកើតឡើងដោយសារតែការរីករាលដាលនៃជំងឺឆ្លងទាំងឡាយ ជាពិសេស ជំងឺកូវីដ-១៩។

ចំពោះចំណុចសំខាន់ៗនេះនៃគោលការណ៍ប្រតិបត្តិស្តង់ដានេះ រួមមាន ៖ ១-យន្តការដំណើរការ និងការគ្រប់គ្រង។ ២-វិធានការដំណើរការការងារតាមគន្លងប្រក្រតីភាពថ្មី (មុនចាប់ផ្តើមដំណើរការការងារប្រចាំថ្ងៃ, អំឡុងពេលដំណើរការការងារប្រចាំថ្ងៃ និងក្រោយបញ្ចប់ដំណើរការការងារប្រចាំថ្ងៃ)។ ៣. ការគ្រប់គ្រងករណីវិជ្ជមានកូវីដ-១៩។ ៤. ការវាយតម្លៃហានិភ័យ និង៥. យន្តការអធិការកិច្ច ត្រួតពិនិត្យតាមដាន និងវាយតម្លៃ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បញ្ជាក់បន្ថែមថា មុននឹងសម្រេចបាននូវសេចក្តីព្រាងគោលការណ៍ប្រតិបត្តិស្តង់ដា គឺមន្រ្តីជំនាញរបស់ក្រសួងបានពិនិត្យដកស្រង់យកនូវវិធានការសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការដែលមានចែងនៅក្នុងច្បាប់ស្តីពីការងារ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា រួមជាមួយនឹងវិធានការសុខាភិបាល និងឯកសារដែលបានចេញផ្សាយដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសុខភាពពិភពលោក (WHO) យកមករៀបចំឱ្យទៅជាឯកសារគោលការណ៍ណែនាំរួមមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងណាអាចធានាបាននូវប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។

ដោយសារតែជំងឺកូវីដ-១៩ នូវតែបន្តគំរាមកំហែង ដែលមានបំប្លែង ជាប្រភេទវីរុស ថ្មីៗ ដូចជាអូមីក្រុងជាដើម យើងត្រូវតែរៀនរស់នៅជាមួយជំងឺកូវីដ-១៩ និងជំរុញការស្ថារសេដ្ឋកិច្ច-សង្គមរបស់យើងឡើងវិញ ការរក្សាស្ថិរភាពការងារ និងលំនឹងផលិតកម្ម/អាជីវកម្មរបស់រោងចក្រ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់នូវការបង្ការទប់ស្កាត់ជំងឺឆ្លងស្របតាមច្បាប់ស្តីពីការងារ និងវិធានសុខាភិបាល ក្រសួងបានរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយបានកំណត់យន្តការដំណើរការ និងការគ្រប់គ្រង វិធានការដំណើរការការងារ ការវាយតម្លៃហានិភ័យ និងយន្តការច្បាស់លាស់ក្នុងការធ្វើអធិការកិច្ច ត្រួតពិនិត្យតាមដាន និងវាយតម្លៃតាមរយៈរបាយការណ៍វាយតម្លៃប្រចាំខែស្តីពីស្ថានភាពសុវត្ថិភាព និងសុខភាពការងារ នៃកម្មករនិយោជិត និងបញ្ជីស្វ័យត្រួតពិនិត្យអំពីសកម្មភាពពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ក្នុងគោលបំណងអាចធានាបាននូវការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងអាចធានាបាននូវនិរន្ដរភាពច្រវ៉ាក់ផលិតកម្ម/អាជីវកម្មរបស់រោងចក្រ សហគ្រាស ក៏ដូចជាស្ថិរភាពការងារនិងប្រាក់ចំណូលរបស់កម្មករនិយោជិតផងដែរ។

សូមបញ្ជាក់ជូនផងដែរថា គោលការណ៍ប្រតិបត្តិស្តង់ដារនេះ បានឆ្លងកាត់ការពិនិត្យនិងផ្តល់យោបល់ពីអនុគណៈកម្មការផែនការ អនុគណៈកម្មការវាយតម្លៃផែនការ និងយុទ្ធសាស្រ្ត នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ មុននឹងដាក់ឆ្លងស្នើសុំការពិនិត្យសម្រេចពី គណប្រចាំការ នៃគណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាកិច្ចប្រជុំថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ហើយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពស់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាប្រធានគណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ផ្អែកតាមគោលការណ៍អនុញ្ញាតនេះ ក្រសួងក៏បានចេញប្រកាសលេខ ០២/២២ ក.ប / ប្រ.ក ខ.ល ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្តីពីការដាក់ឱ្យប្រើប្រាស់ គោលការណ៍ប្រតិបត្តិស្តង់ដា ស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។ សម្រាប់គោលការណ៍ប្រតិបត្តស្តង់ដារដែលដាក់ឱ្យប្រើប្រាស់នេះ មានចំណុចដែលឆ្លើយតបបានទៅនឹងការវិវត្តន៍ថ្មីៗនៃជំងឺឆ្លង ក៏ដូចជាវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលផងដែរ៕