អភិបាលរងក្រុងបាវិត អំពាវនាវដល់សិស្សានុសិស្ស មានការប្រុងប្រយ័ត្នខ្ពស់អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀន

ខេត្តស្វាយរៀង ៖ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺកូវីដ-១៩និងត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេស ត្រូវរៀនរស់តាមបែបគន្លងថ្មីនៃបរិបទជំងឺកូវីដ-១។ ការអំពាវនាវរបស់លោកអភិបាលបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ ២០២២នេះ ក្នុងពិធីបើកបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានមានប្រសាសន៍លើកឡើងថា វិទ្យាល័យចំណេះទូរទៅនិងបច្ចេកទេសបាវិត ដែលស្ថិតនៅក្នុងសង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀងគឺជា វិទ្យាល័យមួយ ក្នុងខេត្ត ដែលមានការរៀបចំរបៀបរៀបរយ ក្នុងសាលាបានល្អប្រសើរទាំង ការងារបរិស្ថាននិងអនាម័យ ជាពិសេសមានសួនច្បារ តារាងបាល់ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀតនៅក្នុងសាលា ដោយទាំងនេះជាការខិតខំ របស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ ធ្វើឲ្យមានការចាប់អារម្មណ៍ និងគាំទ្រពីថ្នាក់ដឹកនាំផងដែរ។

លោកបានបញ្ជាក់ថា សិស្សានុសិស្សនៅផ្ទះត្រូវ គោរពវិន័យគ្រួសារ នៅសាលា ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ដូច្នេះត្រូវខិតខំរៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជា ដែលជាស្ពានចម្លងឲ្យមាន អនាគតល្អនៅពេលបញ្ចប់ការសិក្សា ហើយនឹងក្លាយជាទំពាំង ស្នងឬស្សីដ៏រឹងមាំប្រកបដោយ ចំណេះនិងជំនាញពិតប្រាកដ ។

លោកបានបន្ថែមថា ស្ថិតនៅក្នុងបរិបទប្រឈម នឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកនោះទេលោកក៏បានអំពាវនាវឱ្យប្រជាជនយើង បន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និង បានជម្រុញដល់ឪពុកម្តាយសិស្សដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១  ឬចាក់ដូសទី ៣ មេត្តាទៅចាក់ឲ្យបានឆាប់រហ័សចំពោះសិក្សានុសិស្សទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន៕ ដោយ ៖ ភក្តី