ខេត្តព្រះវិហារបិទការប្រកួតកីឡាជ្រើសរើសជើងឯកមហាជន ដើម្បីអបអរសាទរខួបទី៤៣ថ្ងៃជ័យជំនះ៧មករា

ខេត្តព្រះវិហារ ៖ នារសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២នេះ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ចេង លឹមហាន់ ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានអញ្ជើញ បិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ទូទាំងខេត្តព្រះវិហារ ប្រចាំឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៣ឆ្នាំនៃ ថ្ងៃជ័យជំនះ៧មករា (៧មករាឆ្នាំ១៩៧៩-៧មករា២០២២)ក្រោមការ រៀបចំរបស់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត។

ថ្លែងក្នុងពិធីបិទការប្រកួតនាពេលនោះ លោក ចេង លឹមហាន់ បានលើកឡើងថា វិស័យ អប់រំកាយ និងកីឡា គឺជាវិស័យមួយដែល ប្រមុខ រដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះ ជាតិ ក្នុងការអភិវឌ្ឍ និងកត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឲ្យយុវជនគ្រប់រូបបង្វែរចិត្តគំនិតមកលេងកីឡាឲ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែក រាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ។

លោកបានបន្តទៀតថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វើ ឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា ឲ្យកាន់តែរីកចម្រើនជាលំដាប់ ស្របពេល ដែលប្រទេសជាតិយើងមានសុខសន្តិភាព និងចូលរួមអបអរសាទរខួបទី៤៣ ជ័យជំនះថ្ងៃ ៧មករា (៧មករាឆ្នាំ១៩៧៩-៧មករា២០២២) ក្រោមការដឹកនាំគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើ ឲ្យប្រទេសជាតិ ក៏ដូចប្រជាជនកម្ពុជា បានរួចផុតពីរបបដ៏ខ្មៅងងឹត និងពោលពេញទៅដោយ ភាពឈឺចាប់បំផុតដែលមិនអាចបំភ្លេចបានឡើយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយើង ត្រូវ រួមគ្នាថែរក្សានូវសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ឲ្យ កាន់តែមាន ការរីកចម្រើនបន្ថែមទៀត ។

សូមបញ្ជាក់ផងដែរថា លទ្ធផលនៃការប្រកួតនាពេលនេះ ចំណាត់ថ្នាក់លេខ១ បាល់ទាត់បុរស បានទៅលើក្រុម ខ្លាព្រៃ CSO FC បាល់ទាត់នារីបានទៅលើក្រុម វិទ្យាល័យជាស៊ីម បាល់ទះបុរស បានទៅលើក្រុម សសយក ស្រុកគូលែន និងបាល់ទះនារីបានទៅលើក្រុម វិទ្យាល័យកំពុងស្រឡៅ៕ ដោយ ៖ ជឹម ទូច