
អភិបាលខេត្តមណ្ឌលគិរីអំពាវនាវ និងលើកទឹកចិត្តឲ្យវិស័យឯកជន វិនិយោគលើវិស័យគ្រឹះស្ថានសិក្សាឲ្យបានច្រើនថែមទៀតដើម្បីលើកកម្ពស់វិស័យអប់រំក្នុងខេត្ត
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានអំពាវនាវ និងលើកទឹកចិត្តឲ្យវិស័យឯកជន វិនិយោគលើវិស័យគ្រឹះស្ថានសិក្សាឯកជនឲ្យបានច្រើនថែមទៀតដើម្បីលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តមណ្ឌលគិរី។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនការឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅ ដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ។ សម្រាប់បវេសនការថ្មីនេះ សូមឱ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ឯកឧត្តមបន្តថា ក្រៅពីការសិក្សានៅសាលារៀន ក្មួយៗ គួរឆ្លៀតពេលរៀនជំនាញបច្ចេកទេស ធ្វើការដាំដុះបន្លែ ដំណាំហូបផ្លែ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីជួយសម្រួលបន្ទុកគ្រួសារ និងបង្កើនជំនាញសម្រាប់ខ្លួនឯង។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា ហើយនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ មន្ទីរសុខាភិបាលនឹងធ្វើការចាក់វ៉ាក់សាំងដូសទី ៣ ជូនសិស្សានុសិស្សនៅវិទ្យាល័យនេះផ្ទាល់តែម្ដង ដូច្នេះសូមក្មួយៗ លោកគ្រូអ្នកគ្រូ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ សូមមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់វិស័យឯកជន សប្បុរសជននានា ដែលបានជួយកសាងបណ្ណាល័យមួយ នៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីនេះ ដែលបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូក្នុងការអានសៀវភៅ។ ម្យ៉ាងវិញទៀត ឯកឧត្តមក៏បានអំពាវនាវ និងលើកទឹកចិត្តឲ្យវិស័យឯកជន វិនិយោគលើវិស័យគ្រឹះស្ថានសិក្សាឯកជនឲ្យបានច្រើនថែមទៀតដើម្បីលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តមណ្ឌលគិរី។
ឆ្លើយតបទៅនឹងសំណើរបស់ប្រធានមន្ទីរអប់រំ ពាក់ព័ន្ធនឹងករណីរំលោភដីសាលារៀនរដ្ឋ ឯកឧត្តម ថង សាវុន បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងធ្វើការស្នើសុំចុះបញ្ជីប្លង់រឹងសំរាប់ដីសាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល និងដីអង្គភាពរដ្ឋផ្សេងៗ រួមទាំងដីវត្តអារាម ដើម្បីការពារពីការរំលោភបំពាន និងថែរក្សាសំរាប់ជាប្រយោជន៍សាធារណៈ។
តាមរបាយការណ៍របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជននិងកីឡា នៅក្នុងខេត្តមណ្ឌលគិរី មានសិស្ស បឋមសិក្សាសរុប ១៤៩៥៦នាក់ ស្រី ៧៥១៧នាក់ សិស្សជនជាតិដើមភាគតិចចំនួន ៥៩៨៤ នាក់ សិស្សមធ្យមសិក្សាបឋមភូមិ មានចំនួន ៣៤១១នាក់ ស្រី ១៨២៥នាក់ និង សិស្សមធ្យមសិក្សាទុតិយភូមិ ចំនួន ១៧០៦នាក់ ស្រី ៩៣១នាក់៕ ដោយ ៖ ផល្លិត ហៅរ៉ា