៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមក លេងកម្សាន្តជាង១៣ម៉ឺននាក់ កើនឡើង១៧.៥៥%

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះថា ក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤នេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមក ទស្សនាកម្សាន្ដចំនួន១៣៤,២៩១នាក់ កើនឡើង ១៧.៥៥%។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺភ្ញៀវជាតិមានចំនួន៤៨,៩៧៤ នាក់ កើនឡើង១.៩% ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦៣២នាក់ កើនឡើង ៥៨.៣១% និងប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមក្នុងកម្មវិធីសង្ក្រាន្តរតនគិរី និងសង្រ្កាន្តនៅតាមបណ្តាក្រុងស្រុកទាំង៩ មានចំនួន ៨៤,៧៨៥នាក់ កើនឡើង ២៨.៦១%។ដូច្នេះសរុបភ្ញៀវទាំងបីប្រភេទនេះ មានចំនួន១៣៤,២៩១នាក់កើនឡើង១៧.៥៥% បើប្រៀបធៀប ទៅនឹងពិធីបុណ្យចូលថ្មីឆ្នាំ២០២៣ មានចំនួន១១៤,២៤៥នាក់ ប៉ុណ្ណោះ។

លោក ង៉ែត ពិទូ បន្តថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤នេះ ខេត្តរតនគិរី ដែលមានឯកឧត្តម ញ៉ែម សំអឿនជាអភិបាលខេត្ត បានរៀបចំកម្សាន្តតាមកម្មវិធីសង្ក្រាន្តរតនគិរី ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត និងនៅតាមបណ្តាស្រុក ក្រុង ទាំង៩ទូទាំងខេត្ត ដោយបង្កើតឱ្យមានលេងល្បែងប្រជាប្រិយនៅតាមទីវត្តអារាមនានា និង បង្កើតឱ្យមានព្រឹត្តិការណ៍ជាច្រើនទៀត សម្រាប់ឱ្យភ្ញៀវទេសចរលេង សប្បាយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ដើម្បីបង្កើតភាព សប្បាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះ ក៏ដូចរួមចំណែកបង្កើតភាពទាក់ទាញភ្ញៀវមកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ផងដែរ។ លោកថា អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ព្រឹតិ្តការណ៍សង្ក្រាន្តរតនគិរីនិងសង្រ្កាន្តតាមបណ្តាស្រុក ក្រុងរយៈពេល

៤ថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ជាង៨មុឺននាក់បានចូលរួមសប្បាយរីករាយ ប្រកបដោយ សុខសុវត្ថិភាព ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កង កម្លាំងគ្រប់ប្រភេទ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ខេត្ត ប្រជាពលរដ្ឋយើងអាចធ្វើដំណើរកម្សាន្តទៅកាន់គ្រប់ទីកន្លែងដោយពុំ មាន បញ្ហាឡើយ ពិសេស ប្រទេសជាតិមានសុខសន្តិភាពប្រជាពលរដ្ឋធ្វើ ដំណើរកម្សាន្តដោយសប្បាយរីករាយ៕