សម្តេចធិបតី៖ កិច្ចការពារជាតិ ត្រូវធ្វើជាប់ជាប្រចាំ ដែលទាមទារឲ្យយកចិត្តទុកដាក់ លើគុណភាពធនធានមនុស្ស

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ដរាបណាកម្ពុជា នៅតែជាប្រទេសឯករាជ្យមួយ មានអធិបតេយ្យភាព នោះកិច្ចការពារជាតិ គឺជាកិច្ចការដែលត្រូវធ្វើជាប់ជាប្រចាំ ហើយជាកាត្តព្វកិច្ចសំខាន់របស់ទាំងអស់គ្នា ខណៈស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាព នៃធនធានមនុស្ស ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឬស្សីកែវ ។

សម្តេចធិបតី មានប្រសាសន៍ថា “កិច្ចការពារជាតិ ដរាបណាប្រទេសយើង នៅតែជាប្រទេសមួយ ហៅថា កម្ពុជា កិច្ចការពារជាតិ គឺជាកិច្ចការដែលត្រូវធ្វើជាប់ជាប្រចាំ ហើយជាកាត្តព្វកិច្ចសំខាន់ របស់យើងគ្រប់ៗគ្នា ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធតែម្តង”។

ក្នុងនោះសម្តេចធិបតី បានធ្វើការគូសបញ្ជាក់បន្ថែមថា “ស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាព នៃធនធានមនុស្ស ហើយបើយើងនិយាយនៅក្នុងវិស័យការពារជាតិ យើងមានយោធិន ៣កម្រិត នាយទាហាន នាយទាហានរង និងពលទាហាន ។ ហើយក្នុងនោះនាយទាហាន ដើរតួនាទីគន្លឹះ នៅក្នុងវិស័យការពារជាតិ នាយទាហាន មានតួនាទី២ ជាអ្នកគ្រប់គ្រង និងជាអ្នកដឹកនាំ ។ ក្នុងនាមជាអ្នកគ្រប់គ្រង ភារកិច្ចសំខាន់ ពាក់ព័ន្ធនឹងការរៀបចំផែនការ ការបែងចែក ការប្រគល់ភារកិច្ច ដល់យោធិនក្រោមបង្គាប់ ការទទួលខុសត្រូវលើកិច្ចការធានាផ្សេងៗ សម្របសម្រួលដោះស្រាយបញ្ហា ដើម្បីធានា នូវបេសសកម្មរបស់អង្គភាព បានជោគជ័យ និងការធានាដល់បេសសកម្មរបស់យោធិននៅក្រោមបង្គាប់បានជោគជ័យ ។ នេះជាភារកិច្ចជាអ្នកគ្រប់គ្រង ។ ភារកិច្ចជាអ្នកដឹកនាំ គឺដឹកនាំបញ្ជាកម្លាំង និងដឹកនាំអនុវត្តគ្រប់ភារកិច្ច ដូច្នេះតួនាទីរបស់នាយទាហានសំខាន់ណាស់”។

តាមការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ដើម្បីធានាបាននូវគុណភាព និងសមត្ថភាពនាយទាហាន ទាមទារ ឲ្យត្រូវយកចិត្តទុកដាក់ ដល់ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហាន ទាំងគ្រប់កម្រិតកាន់តែខ្ពស់ កាន់តែទូលំទូលាយ ដែលទាំងអស់នេះ ជាតួនាទីសំខាន់ របស់សកលវិទ្យាល័យការពារជាតិតែម្តង ។

សម្តេចធិបតី បានលើកឡើងថា “ដើម្បីធានានូវគុណភាពហ្វឹកហ្វឺនកងទ័ព សំខាន់បំផុតគឺយកចិត្តទុកដាក់ លើអង្គភាពហ្វឹកហ្វឺន ហើយជាពិសេសបណ្តាលសាលាហ្វឹកហ្វឺន បណ្តុះបណ្តាកងទ័ពទាំងអស់”៕