សហរដ្ឋអាមេរិកមានមនុស្សជាង ៦៧០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,០០២នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៦៧៣,៨៣៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០០២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦២,៦៦១,២៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦១,៣៣៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.៥លាននាក់។

អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក បានប្រកាសថា ក្នុងអំឡុងពេល ៣សប្តាហ៍ចុងក្រោយនេះ គេបានមើលឃើញអត្រាកំណើននៃអ្នកឆ្លងគុណនឹង៣ទៅហើយ ដោយសារតែឥទ្ធិពលនៃមេរោគបំប្លែងថ្មី Omicron។ អត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារតែជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់បំផុតដល់ ១៣២,៦៤៦នាក់ នៅថ្ងៃចន្ទសប្តាហ៍នេះ ដែលជាការបំបែកកំណត់ត្រាចាស់ កាលពីខែមករា ឆ្នាំ២០២១ ដែលមានចំនួន ១៣២,០៥១នាក់៕