ការចាក់ដីលប់ព្រៃលិចទឹកធ្វើជាកម្មសិទ្ធិពីសំណាក់អ្នកមានលុយ មានអំណាច ក្នុងភូមិសាស្ត្រខេត្តកែប កើតមានជាបន្តបន្ទាប់

ខេត្តកែប ៖ សកម្មភាពចាក់លុបដីព្រៃកោងកាង ,លុបព្រែក លប់ដីព្រៃលិចទឹក ឬរំលោភយកឆ្នេរសមុទ្រ ធ្វើជាកម្មសិទ្ធិ នៅតំបន់ភូមិ សាស្ត្រមួយចំនួនក្នុងខេត្តកែប ពីសំណាក់បុគ្គលអ្នកមានលុយ មានអំណាច បានកើតមានឡើងជាបន្តបន្ទាប់ ប៉ុន្តែចំណាត់ការរបស់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ហាក់ដូចជាពុំសូវមានប្រសិទ្ធភាពលើក្រុមឈ្មួញទាល់តែសោះ មិនដឹងថា តើមកពីក្រុមឈ្មួញមានអំណាចធំជាងអាជ្ញាធរ ហើយនិងជំនាញពាក់ព័ន្ធ ឬមួយក៏អាជ្ញាធរ និងជំនាញពាក់ព័ន្ធទទួលបានប្រយោជន៍ពីក្រុមឈ្មួញ ទើបធ្វើឲ្យការអនុវត្តច្បាប់ពុំមានប្រសិទ្ធភាពទាល់តែសោះ។

មតិមហាជនជាច្រើនបានលើកឡើងថា បើប្រជាពលរដ្ឋតូចតាចក្រីក្រគឺមិនហ៊ាន ឬមានលទ្ធភាពទៅរំលោភយកដីរបស់រដ្ឋដូច្នេះបានឡើយ ពោលគឺមានតែអ្នកមានលុយ អំណាចតែប៉ុណ្ណោះ ដែលហ៊ានទន្ទ្រានរំលោភបំពានតាមអំពើចិត្ត។ ជាងស្តែងដូចជាករណីចាក់ដីលុបតំបន់ព្រៃលិចទឹកថ្មីថ្មោងមួយកន្លែងមានទំហំរាប់សិបហិកតា នៅចំណុចកោះចាក់ករ ស្ថិតក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងបំណងយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ថែមទាំងមានដាំកូនដូងផងនោះ មិនត្រូវបានគេដឹងថា អ្នកដែលប្រព្រឹត្តនោះជាអ្នកណានៅឡើយទេ តែបើតាមប្រភពនិយាយថា កន្លងមកលោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរធ្លាប់បានចុះទៅដកបំផ្លាញដំណាំលើដីនោះម្ដងរួចហើយ។

ពាក់ព័ន្ធចាក់ចាក់ដីខាងលើនេះ លោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលខេត្តកែប បានប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media តាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ដោយបញ្ជាក់ថា ករណីចាក់ដីនៅចំណុចទីតាំងព្រៃលិចទឹកខាងលើនេះ គឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខាងជលផលឡើយ។

ដោយឡែក បើតាមលោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបានប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media តាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះថា មិនស្ថិតក្នុងដីដែននាទីព្រៃកោងកាងទេ ដូច ចក់ ស៊ីនាថ និយាយអញ្ចឹង។ លោកស្រីអភិបាលស្រុកបញ្ជាក់ថា មានប្លង់ ដីលោក កែវ សុភា តែគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយ ផ្ទេរទៅឲ្យប្រពន្ធ ខ្ញុំអត់ចាំឈ្មោះប្រពន្ធគាត់ផង។ តែបើតាមប្រភព ដីលោក កែវ សុភា មិនស្ថិតលើទីតាំងនេះទេ គ្រាន់តែនៅក្បែរនោះ ហើយការបញ្ជាក់របស់លោកស្រី គឹម ចន្នី ខាងលើនេះ គឺជាការអះអាងរបស់លោកប្រធានភូមិបាលស្រុកដំណាក់ចង្អើរ។

ចំពោះលោក សយ ច័ន្ទរ៉ាវុធ ប្រធានភូមិបាលស្រុកដំណាក់ចង្អើរ អង្គភាពព័ត៌មាន “ភ្នំពេញដេលី”Phnom Penh Daily Media មិនអាចធ្វើការទំនាក់ទំនង ដើម្បីសុំការបញ្ជាក់បានទេនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះ ពាក់ព័ន្ធទៅនឹងម្ចាស់ដីខាងលើនេះ ព្រោះទូរស័ព្ទរបស់លោកខលចូលតែគ្មានអ្នកទទួល។

ទោះជាពុំមានប្រភពបញ្ជាក់ពីអត្តសញ្ញាណជនប្រព្រឹត្តពាក់ព័ន្ធការចាក់ដីព្រៃលិចទឹករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិនៅចំណុចកោះចាក់ករ ស្ថិតក្នុងភូមិអំពែង ឃុំអង្កោលនោះពិតមែន តែបើតាមប្រភពបក់ឮល្វើយៗតាមខ្យល់ អ្នកដែលចាក់ដីខាងលើនេះ គឺជាបុគ្គលអ្នកមានលុយមានអំណាចម្នាក់ គ្មានប្រជាពលរដ្ឋ ឬអ្នកទន់ខ្សោយណាម្នាក់ហ៊ានទៅរំលោភបំពានបាននោះឡើយ។ ហើយការចាក់ដីនេះទៀតសោត គេប្រើយុទ្ធសាស្ត្រជារបៀបកណ្ដៀរពូនដំបូក ពោលគេលួចចាក់ដី ឬ ដាំកូនដូងពេលគ្មានអ្នកឃ្លាំមើល បើមានមនុស្ស , អ្នកកាសែត ឬមានមន្ត្រីណាដើរក្បែរ។

អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media នឹងបន្តធ្វើការស្រាវជ្រាវតាមដានដំណើរសាច់រឿងនេះជាបន្តទៀត និងដោយយកចិត្តទុកដាក់ ដើម្បីចង់ដឹងថា តើទីតាំងដីដែលបានចាក់លប់ដីខាងលើនេះ ពិតជាបានរំលោភយកដីរដ្ឋ ដើម្បីធ្វើកម្មសិទ្ធិដោយខុសច្បាប់មែនឬយ៉ាណា តើអ្នកណាខ្លះដែលជាប់ពាក់ព័ន្ធករណីនេះ៕ ដោយ ៖ ទ្រី ហៀន + នាយខ្វែក