កម្ពុជា និងអង់គ្លេសបង្ហាញជំហរជួយស្តារឡើងវិញឱ្យកាន់តែប្រសើរឡើងចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ Amanda Milling អនុរដ្ឋមន្រ្ដីការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា។

Facebook របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយផ្អែកលើកិច្ចពិភាក្សាទ្វេភាគីយ៉ាងផុសផុលនៅព្រឹកនេះ កម្ពុជា និងចក្រភពអង់គ្លេសមានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។ យើងបានលើកឡើង ពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរបញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស។ល»។

ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ប្រមុខការទូតកម្ពុជា បានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានបង្ហាញទឹកចិត្តដ៏ថ្លៃថ្លាចំពោះកម្ពុជាតាមរយៈជំនួយផ្សេងៗ ជាពិសេសការបរិច្ចាគវ៉ាក់សាំង។ លោកបន្តថា អាស៊ានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ខណៈដែលទើបបានក្លាយជាដៃគូសន្ទនាថ្មីទី១១ របស់អាស៊ានកាលពីឆ្នាំមុន។

លោកស្រី Amanda Milling បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានជួបសន្ទនាជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ តាមរយៈ Twitter លោកស្រីថ្លែងថា ក្នុងនាមជាដៃគូសន្ទនាថ្មី អង់គ្លេសបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតរបស់តំបន់ ជំរុញពាណិជ្ជកម្ម និងផ្តល់អ្នកជំនាញចក្រភពអង់គ្លេស ក្នុងការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើង។

សូមជម្រាបថា វិបត្តិនៅមីយ៉ាន់ម៉ា បានកើតឡើងបន្ទាប់ពីរដ្ឋប្រហារទម្លាក់លោកស្រី អង់ សានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រោយការបោះឆ្នោត។ វិបត្តិដែលបានប៉ះពាល់ដល់តំបន់អាស៊ានទាំងមូលនេះ មិនត្រូវបានដោះស្រាយចេញនោះទេ នៅពេលដែលព្រុយណេ ធ្វើជាប្រធានអាស៊ាន ដោយសារគោលការណ៍កុងសង់ស៊ីស ៥ចំណុច មិនត្រូវបានអនុវត្តដោយមីយ៉ាន់ម៉ា ប៉ុន្តែដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមីយ៉ាន់ម៉ា នាសប្តាហ៍មុននេះ ធ្វើឲ្យវឌ្ឍនភាពនៃគោលការណ៍កុងសង់ស៊ីស ៥ចំណុច ចាប់ផ្តើមកើតមាន៕