ព្រះមហាក្សត្រប្រុយណេ នឹងយាងមកសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ២៩ មេសា

ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកកម្ពុជានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមការបង្ហោះលើបណ្តាញ ហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ។

ខាងក្រោមជាខ្លឹមសារទាំងស្រុង៖

ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ២៩មេសាខាងមុខនេះព្រះមហាក្សត្រប្រុយណេព្រះអង្គនិងយាងមកដល់កម្ពុជាដែលខ្ញុំនិងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់និងរួមដ់ណើរជាមួយគ្នាមកកាន់សណ្ឋាគារ។

ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។ គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អនពៅ។ (បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម ថាក់ សុីន ជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។

ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹក៣០មេសាខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។

ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ៕