សម្តេចតេជោ សម្រេចដកថវិកា ១លានដុល្លារ ដែលសប្បុរសជនចូលរួមវិភាគទាន ដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅជួយមន្ទីរពេទ្យកុមារអង្គរ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានសម្រេចដកថវិកា១លានដុល្លារ ដែលបានមកពីសប្បុរសជននានា ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ បានសរសេរថា “ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះ បានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ (4,800,000$)។
ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន១លានដុល្លារ (1,000,000$) ដើម្បីបែងចែកទៅ៖
១៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន៥០មុឺនដុល្លារ (500,000$)។ ២៖ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០មុឺនដុល្លារ(300,000$)។ ៣៖ គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១មុឺនដុល្លារ (10,000$) សរុប ២០មុឺនដុល្លារ(200,000$)។
ឯថវិកាក្រៅពី ១លានដុល្លារនេះ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់”៕