បេសកកម្មជាង២០ថ្ងៃ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសកាប់រានដីព្រៃជាលក្ខណៈទ្រង់ទ្រាយធំចាប់បានមេខ្លោង១០នាក់នៅខេត្តស្ទឹងត្រែង

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំក្រុមការងាររួមជាមួយគណបញ្ជាការឯកភាពខេត្ត បានចុះប្រតិបត្តិការបង្រ្កាបការកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋ ក្រោយមានសកម្មភាពកាប់ទន្ទ្រានយកដីក្នុងតំបន់ការពារ និងអភិរក្សដែលមានទំហំដីរាប់ពាន់ហិកតាមកនោះ នៅភូមិសាស្រ្តអូរវល្លិ៍ប្រាំដំឡឹង ស្ថិតក្នុងស្រុកបុរីអូស្វាយសែនជ័យ និងភូមិសាស្រ្តក្រឡាពស់ នៃស្រុកសេសាន ។

ប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការចុះបង្រ្កាបនេះ ក្រុមការងារបានកំណត់មុខសញ្ញា និងចាប់ខ្លួនជនប្រព្រឹត្តបទល្មើសទន្រ្ទានដីព្រៃរបស់រដ្ឋ បានចំនួន១០នាក់ និងដកហូតដីព្រៃជាង៧០០០ហិកតា បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងដាក់ពន្ធនាគារដោយគ្មានការលើកលែង ។

ក្រោយការចាប់ខ្លួនជនប្រព្រឹត្តបទល្មើសទន្រ្ទានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចមក ក្រុមការងាររួមទាំងថ្នាក់ខេត្ត និងមន្ទីរពាក់ព័ន្ធ បានសម្របសម្រួល និងណែនាំដល់ប្រជាពលរដ្ឋដែលចាញ់បោកក្រុមមេខ្យល់គ្រាកន្លងមកនោះ ឱ្យពួកគាត់យល់អំពីផ្លូវច្បាប់ ហើយពួកគាត់ទាំងនោះ ក៏បានយល់ព្រម និងសម្រេចចិត្តរុះរើ ដោយចាកចេញទៅស្រុកកំណើតវិញ ដោយពុំមានបាតុភាពអ្វីកើតឡើងនោះឡើយ ។ រីឯផ្ទៃដីដែលបានដកហូតមកវិញនោះ គឺត្រូវបានប្រគល់ទៅមន្ទីរជំនាញពាក់ព័ន្ធគ្រប់គ្រងវិញ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៩មេសានេះ  ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២ នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាឈប់ជឿលើការឃោសនារបស់មេខ្លោង ឬមេខ្យល់ដែលបំផុសបំផុលនាំឱ្យមានការប្រព្រឹត្តបទល្មើសដោយមិនដឹងខ្លួន ។

សូមបញ្ជាក់ថា៖បេសកកម្មពិសេសនេះ បានចាប់ផ្តេីមចុះប្រតិបត្តិការកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ និងបានបញ្ចប់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ  ដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមអន្តរាគមន៍ពិសេសទី២ របស់ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី រួមជាមួយនិងគណបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ៕