ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាសម្រេចការនាំចេញបានជាង ១៥ ៦១៣លានដុល្លារ កើនឡើង២២.៦%

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រយៈពេល១១ខែ ពោលចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានសម្រេចការនាំចេញទំនិញ (ដកមាស) ក្នុងទំហំទឹកប្រាក់ចំនួន ១៥ ៦១៣លានដុល្លារ កើនឡើង២២.៦% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។

របាយការណ៍បានគូសបញ្ជាក់ថា កំណើននៃការនាំចេញរបស់កម្ពុជា មានការកើនឡើង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដោយសារកំណើននាំចេញ ផលិតផលវាយនភណ្ឌ, កង់ និងទំនិញផ្សេងៗ។ ទំនិញទាំងនោះ រួមមាន ៖ គ្រឿងសង្ហារឹម, ស្បែកសត្វមានរោម (furskins), កៅស៊ូ ក្តារកុងប្លាកេ, វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, សូឡា, ខ្សែភ្លើងនិងបុំខ្សែភ្លើង, គ្រឿងអេឡិចត្រូនិក និងភាគបំណែក, ចេក, ស្ករស, កសិផលផ្សេងៗ, ដំឡូងមី និងស្វាយ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងទៀតថា ចំពោះការនាំចូលវិញ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់ ២០ ៤០០លានដុល្លារ កើនឡើង ២៥.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូល ក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ទនៈ និង ទំនិញផ្សេងៗ។

បើតាមរបាយការណ៍ក្នុងខែវិច្ឆិកា ឆ្នាំ២០២១, សេដ្ឋកិច្ចប្រទេសកម្ពុជា បានបង្ហាញពីភាពប្រសើរឡើងវិញបន្តិចម្តងៗ ប៉ុន្តែពុំទាន់អាចវិលមករកភាពប្រក្រតីភាព ដូចកាលមុនមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅឡើយទេ។

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើនវិជ្ជមាន ក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល, សេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា, និងការចូលរួមពីប្រជាជនកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ និងគោរពតាមគោលការណ៍ ៣កុំ ៣ការពារ៕