មុនជំនួបជាមួយ NATO, រុស្ស៊ី ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរព្រំដែនអ៊ុយក្រែន

ម៉ូស្គូ ៖ ទំនងជាសារព្រមានមួយ នៅមុនជំនួបជាមួយអង្គការ NATO ក្នុងសប្ដាហ៍នេះ, រុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជាមួយការដាក់ពង្រាយរថក្រោះ និងកងទ័ពរាប់ពាន់នាក់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

សមយុទ្ធយោធានេះកើតមានឡើងបន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង វាជារឿងវិជ្ជមានដែល ជំនួបរវាងក្រុមមន្ត្រីអាមេរិក និងរុស្ស៊ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងទីក្រុងហ្សឺណែវ បានប្រព្រឹត្តទៅដោយបើកចំហ និងដោយផ្ទាល់។

លោក ឌីមីទ្រី បេស្កូវ (Dmitry Peskov) បាននិយាយថា កងទ័ពរុស្ស៊ីជាង ៣,០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតខាងលើ នៅក្នុងតំបន់ចំនួន៤ ស្ថិតនៅភាគនិរតីនៃប្រទេស ក្បែរតំបន់ព្រំដែនអ៊ុយក្រែន។

លោកបន្ថែមថាស្ថានភាពសព្វថ្ងៃនឹងបង្ហាញកាន់តែច្បាស់ បន្ទាប់ពីជំនួបរវាងរុស្ស៊ី និងអង្គការ NATO ក្នុងទីក្រុងព្រុចសែល នៅថ្ងៃពុធនេះព្រមទាំងជំនួបជាមួយ អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) ក្នុងទីក្រុងវីយ្យែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕