ក្រសួងធនធានទឹក បង្ហាញលទ្ធផល នៃការបោះបង្គោលនៅជុំវិញបឹងទន្លេសាប

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានបន្តបង្ហាញលទ្ធផល នៃការងារចុះត្រួតពិនិត្យបង្គោល ការលើកបង្គោល និងការដាំបង្គោលឡើងវិញនៅតំបន់បឹងទន្លេសាបជុំខេត្តទាំង៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។

យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹកបានបង្ហាញថា ក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមនៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន សម្រេចបានការបោះបង្គោលព្រំតំបន់៣ និងលើកប៉ាណូ គិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រួមមាន ៖ ទី១៖ ការងារដាំបង្គោលថ្មី និងលើកបញ្ឈវិញបានចំនួន៥២៥ ស្មើនឹង ៦៥,៥% នៃបង្គោលព្រំតំបន់៣សរុប។ ទី២៖ ចំនួនបង្គោលនៅសល់ និងកំពុងបន្តធ្វើមានចំនួន២៧៧បង្គោល។ បង្គោលព្រំតំបន់៣ ដែលនៅសល់នេះ ភាគច្រើនស្ថិតនៅក្នុងទឹក ដែលអាចចុះបោះបង្គោលបាននៅក្នុងខែកម្ភៈខាងមុខ។ តែចំពោះទីតាំងណា អាចធ្វើបាន ក្រុមការងារនៅបន្តធ្វើ និងទី៣៖ ការងារលើកប៉ាណូសម្រេចបានចំនួន៥១កន្លែង លើផែនការ៦៣កន្លែង៕