អភិបាលក្រុងព្រះសីហនុអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា អនាម័យបរិស្ថាន ដើម្បីឱ្យ សោភ័ណភាពក្រុង ខេត្តកាន់តែល្អស្អាត

ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានធ្វើពិធីសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរ នៅឆ្នេរអូត្រេះ១ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុង.ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ បរិស្ថានមន្ទីរទេសចរណ៍ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ សង្កាត់ និងអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានមានប្រសាសន៍ថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់មជ្ឈដ្ឋានត្រូវចូលរួមជាមួយនឹងអាជ្ញាធរដើម្បីធ្វើយ៉ាងណាឱ្យក្រុងក៏ដូចជាតំបន់ឆ្នេររបស់យើង មានសោភ័ណភាព និងបរិស្ថានស្អាតដោយកុំចោលសំរាម និងកាកសំណល់ រឹងរាវបង្ហូរចូលទៅក្នុងសមុទ្រ អូរ ប្រឡាយដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងបាត់សោភ័ណភាព ក្រុងរបស់យើង។

លោកបន្តថា ក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ ដូចនេះទាមទារឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមថែរក្សា អនាម័យបរិស្ថាន នៅតាមដងផ្លូវ សាធារណៈទូទាំងក្រុងក៏ដូចជា តាមតំបន់ឆ្នេរ ដោយកុំបោះចោលសំរាម កាកសំណល់ផ្សេងៗ ដែលធ្វើឲ្យបាត់នូវសោភ័ណភាព ទីក្រុងដែលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខ ក៏ដូចជាការយកចិត្តទុកដាក់ពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ ខ្សែបានរៀបចំល្អស្អាតធំទូលាយងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាត់បន្ថយការកកស្ទះចរាចរណ៍មានផ្លូវស្មើជើងបំពាក់ទៅដោយអំពូលភ្លើងកាំមេរ៉ាសុវត្តិភាព គំនូសសញ្ញាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ សួនច្បារ មានប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ចូលស្ថានីយអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ មុននឹងបង្ហូរចេញទៅក្នុងសមុទ្រ ដូចនេះហើយទាមទារឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដើម្បីឱ្យ សោភ័ណ្ឌភាពបរិស្ថាននៅក្នុងក្រុងខេត្តព្រះសីហនុកាន់តែល្អស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកាន់តែច្រើន៕ ដោយ ៖ ទឹង សុភាព