
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ ចំនួន៨,១៦៧ករណី និងស្លាប់១៤នាក់ទៀត
ថ្ងៃចេញផ្សាយៈ January 13, 2022
បាងកក ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញករណីថ្មីចំនួន ៨,១៦៧ករណីបន្ថែមទៀត អ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៤នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
ក្នុងចំណោមករណីឆ្លងថ្មីគឺមានចំនួន៨.១០១ករណីជាប្រជាជនទូទៅ និង ៦៦ ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ។ កាលពីថ្ងៃពុធម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន៣,៨៤៥នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីដើមឆ្នាំមុន ដោយប្រទេសថៃមានករណីឆ្លងកូវីដ១៩សរុបចំនួន២,៣០០,៤៥៧ករណីក្នុងនោះជាសះស្បើយចំនួន ២,២០៧,៩៨០នាក់។ ចំណែកចំនួនអ្នកស្លាប់មាន ២១,៨៨៣ នាក់ចាប់តាំងពីជំងឺនេះរាតត្បាត៕