
UN ប្រកាសរកជំនួយ ៣.៩ ពាន់លានដុល្លារដើម្បីជួយប្រទេសយេម៉ែន
ញូវយ៉ក ៖ អង្គការសហប្រជាជាតិ (UN) ប្រកាសត្រូវការប្រាក់ប្រហែល ៣.៩ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ដើម្បីជួយដល់ប្រជាជនរាប់លាននាក់ក្នុងប្រទេស យេម៉ែន ដែលកំពុងហែកហួរដោយសង្គ្រាម។ នេះបើយោងតាមមន្ត្រីមនុស្សធម៌កំពូលរបស់អង្គការសហប្រជាជាតិ។
ជំនួយការអគ្គលេខាធិការស្តីទីទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលរងជំនួយសង្គ្រោះបន្ទាន់ UN លោក Ramesh Rajasingham បានឲ្យដឹង កាលពីថ្ងៃពុធថា ឧបសគ្គដ៏ធំបំផុតនៅពេលនេះគឺការផ្តល់មូលនិធិ ដើម្បីជួយដល់ប្រជាជនប្រហែល ១៦ លាននាក់ក្នុងប្រទេស យេម៉ែន ជាកន្លែងដែលសង្គ្រាមស៊ីវិលបានផ្ទុះឡើងអស់រយៈពេលជាង ៧ ឆ្នាំមកហើយ។ លោកបន្តថា ខ្ញុំបានអំពាវនាវឱ្យម្ចាស់ជំនួយទាំងអស់រក្សានិរន្តរភាពរបស់ពួកគេ ហើយប្រសិនបើអាចធ្វើទៅបាន ពួកគេគួរតែបន្តផ្ដល់ជំនួយនៅឆ្នាំនេះបន្តទៀត។
សូមជម្រាបថា កាលពីថ្ងៃពុធ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសអាសន្នអំពីការបន្តអស្ថេរភាពក្នុងប្រទេស យេម៉ែន ដោយលើកឡើងថា ភាគីជម្លោះ បានពន្លឿនកិច្ចប្រឹងប្រែង ដើម្បីដណ្តើមយកជ័យជម្នះនៅសមរភូមិផងដែរ៕