សហរដ្ឋអាមេរិកមានមនុស្សជាង ៨០០,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ២,២០០នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៨១៤,៤៩៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,២៦៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៤,៣៤៤,៦៩៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦៦,៨៨២នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សូមជម្រាបថា សហរដ្ឋអាមេរិកបាននិងកំពុងមើលឃើញករណីឆ្លងជំងឺ COVID-19 កើនឡើងយ៉ាងគំហុក ដោយសារវីរុស Omicron។ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥២១លានដូស ក្នុងនោះប្រជាជន ២៤៧.៣២លាននាក់ (៧៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៦.៣៤លាននាក់ (៦២.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៦.២៦លាននាក់ (២៣.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕