ប្រមុខការទូតកម្ពុជា-សិង្ហបុរី ជួបសន្ទនាគ្នាតាមទូរស័ព្ទ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរសព្ទជាមួយលោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

ក្នុងជំនួបខាងលើនេះ ប្រមុខការទូតសិង្ហបុរី បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ឱ្យបានពេញលេញ និងទាន់ពេលវេលា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា៖ «យើងទាំងពីរសោកស្តាយដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាបត្រូវបានលើកទៅពេលក្រោយ។ ខ្ញុំរីករាយណាស់ដែលឯកឧត្តមបានសម្ដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច ឱ្យបានពេញលេញ និងទាន់ពេលវេលា»។

ជាមួយគ្នានេះ ភាគីទាំង២ បន្តសង្ឃឹមថា នឹងអាចចូលរួមចំណែកតាមដែលអាចធ្វើទៅបាន ដើម្បីជួយមីយ៉ាន់ម៉ាវិលទៅរកជីវភាពធម្មតាវិញ៕