WHO ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​២​ប្រភេទ ដើម្បី​ព្យាបាលវីរុស​បំប្លែង​ថ្មី Omicron

អន្តរជាតិ ៖ ក្រុមប្រឹក្សា​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) បានផ្តល់​អនុសាសន៍​ឱ្យប្រើ​ប្រាស់​ថ្នាំ​២​ប្រភេទ​របស់​ក្រុមហ៊ុន Eli Lilly រួមមាន​ថ្នាំ GlaxoSmithKline និង Vir Biotechnology សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ដោយ​នេះ​បាន​បន្ថែម​ជម្រើស​នៃ​ការព្យាបាល ស្របពេល​វីរុស​បំប្លែង​ខ្លួន អូ​មី​ក្រុង កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​។​

​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា Omicron មាន​សមត្ថភាព​គេច​ចេញពី​ការការពារ​ដែល​ផ្តល់​ដោយ​វ៉ាក់សាំង និង​ការព្យាបាល​ជាច្រើន​ហើយ​បច្ចុប្បន្ន វីរុស​នេះ​បាន​រីក​រាលដាល​នៅក្នុង​ប្រទេស​ចំនួន​១៤៩​រួចទៅហើយ​។ វា​វ៉ា​ដាច់ Delta ក្នុងនាម​ជា​វីរុស​បំប្លែង​ថ្មី​លេចធ្លោ​ខ្លាំង​បំផុត នៅក្នុង​ប្រទេស​ជាច្រើន ដោយ​បង្ខំ​ឲ្យ​រដ្ឋាភិបាល និង​អ្នកវិទ្យាសាស្ត្រ​នានា ពង្រឹង​ការការពារ​ជាមួយនឹង​ការធ្វើ​តេស្ត ការចាក់​វ៉ាក់សាំង និង​ការព្យាបាល​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ WHO បានផ្តល់​អនុសាសន៍​ឲ្យ​ប្រើប្រាស់​ថ្នាំ baricitinib របស់​ក្រុមហ៊ុន Lilly ដែល​លក់​លើ​ទីផ្សារ​ក្រោម​ម៉ាក​យីហោ Olumiant ផ្សំ​ជាមួយ​ថ្នាំ Corticosteroid សម្រាប់​ការព្យាបាល​អ្នកជំងឺ​កូ​វីដ​ធ្ងន់ធ្ងរ ហើយ​អនុម័ត​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីគ័រ​របស់​ក្រុមហ៊ុន GSK-Vir សម្រាប់​អ្នកជំងឺ​ដែល​មិន​ធ្ងន់ធ្ងរ ប៉ុន្តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការចូល​មន្ទីរពេទ្យ​។ .

​រហូតមកដល់​ពេលនេះ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីគ័រ monoclonal របស់​ក្រុមហ៊ុន GSK-Vir គឺជា​វិធី​តែមួយគត់​ដែល​បានបង្ហាញ​ប្រសិទ្ធភាព​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន Omicron ក្នុងការ​ធ្វើតេស្ត​មន្ទីរពិសោធន៍​។​ គោលការណ៍​ណែនាំ​របស់ WHO ដែល​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស ក៏បាន​កត់សម្គាល់​ផងដែរ​ថា ភ័ស្តុតាង​បង្ហាញថា ថ្នាំ Baricitinib បានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អត្រា​រស់រានមានជីវិត និង​កាត់បន្ថយ​តម្រូវ​ការដាក់​ឧបករណ៍​ជំនួយ​ខ្យល់​ដកដង្ហើម ហើយ​មិន​សង្កេតឃើញ​មានការ​កើនឡើង​នូវ​ផលប៉ះពាល់​អ្វី​នោះទេ​៕