
UN ព្រមានថា ពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់នឹងស្លាប់ បើគ្មានជំនួយមូលនិធិ
ញូវយ៉ក ៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមានថា ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់នឹងស្លាប់ បើគ្មានជំនួយពីអន្តរជាតិ ខណដែលលោក បានជំរុញដល់សហគមន៍អន្តរជាតិឱ្យផ្តល់មូលនិធិតាមការអំពាវនាវរបស់ UN ចំនួន ៥ ពាន់លានដុល្លារ និងគួរតែផ្ដល់ទ្រព្យសម្បត្តិដែលជាប់គាំងមកឲ្យអាហ្វហ្គានីស្ថានវិញ ដើម្បីទប់ស្កាត់ការដួលរលំសេដ្ឋកិច្ច និងសង្គម អាហ្វហ្គានីស្ថាន។
លោក Guterres បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា សីតុណ្ហភាពត្រជាក់ និងទ្រព្យសម្បត្តិត្រូវបានជាប់គាំង គឺជាការរួមបញ្ចូលគ្នាដ៍អាក្រក់ សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។
សូមជម្រាបថា សេដ្ឋកិច្ចដែលពឹងផ្អែកលើជំនួយរបស់អាហ្វហ្គានីស្ថាន ចាប់ផ្ដើមដួលរលំ នៅពេលដែលពួកតាលីបង់ បានដណ្តើមអំណាចនៅពាក់កណ្តាលខែ សីហា ស្របពេលមានការចាកចេញដ៏វឹកវររបស់ទាហានអាមេរិក និងណាតូ ក្រោយបំពេញភារកិច្ចអស់រយៈពេល ២០ ឆ្នាំមកនេះ៕