
កូរ៉េខាងជើងព្រមានឆ្លើយតបកាន់តែខ្លាំង បើអាមេរិកនៅតែរក្សាជំហរដាក់ទណ្ឌកម្មលើខ្លួន
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានរិះគន់ដល់រដ្ឋបាលលោក Joe Biden ចំពោះការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងខ្លួន ជុំវិញការសាកល្បងបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេងចុងក្រោយរបស់ខ្លួន ហើយបានព្រមានថា នឹងធ្វើសកម្មភាពឲ្យកាន់តែខ្លាំងជាងនេះ និងច្បាស់លាស់ជាងនេះ ប្រសិនបើក្រុងវ៉ាស៊ីនតោន នៅតែរក្សាជំហរប្រឈមមុខដាក់គ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការកូរ៉េខាងជើង អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ដែលមិនបញ្ចេញអត្តសញ្ញាណ បានចេញមុខការពារ ចំពោះសកម្មភាពបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ដោយនិយាយថា ជាសមយុទ្ធស្វ័យការពារដ៏ត្រឹមត្រូវមួយ។
រដ្ឋបាលលោក Joe Biden កាលពីថ្ងៃពុធ បានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៥ នាក់ ជុំវិញតួនាទីរបស់ពួកគេក្នុងការទទួលបានឧបករណ៍ និងបច្ចេកវិទ្យា សម្រាប់កម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ក្នុងសប្តាហ៍នេះ ហើយថែមទាំង បានសង្កត់ធ្ងន់ថា ខ្លួននឹងស្វែងរកទណ្ឌកម្មថ្មីពីអង្គការសហប្រជាជាតិ (UN) ដើម្បីរារាំងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង៕