វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៦,០៤០ករណី» និងស្លាប់ថ្មី១៧១នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,០៤០ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន១៧១នាក់បន្ថែមទៀតផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ៣,០២៩ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៤០២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្តĐà Nẵng មានចំនួន៧៦៥ករណី, ខេត្ត Bình Định ៧១១ករណី និងខេត្ត Khánh Hòa ៦៨០ ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៩៩១,៤៨៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៦៦៦,២២០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៥,៣៤១នាក់៕