
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន៧,៧៩៣ករណី និងស្លាប់១៨នាក់ទៀត
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧,៧៩៣ ករណីបន្ថែមទៀត និងស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៨នាក់ទៀតផងដែរ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើគឺមានចំនួន ៧,៥២៣ករណីជាប្រជាជនទូទៅ និង២២ករណីទៀតជាអ្នកទោសនៅក្នុងពន្ធនាគារ។ ដោយឡែកកាលពីថ្ងៃសុក្រម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន៥,២០២នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
ចាប់តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើងកាលពីដើមឆ្នាំ ២០២០ ថៃមានករណីឆ្លងកូវីដសរុបចំនួន ២,៣១៦,៤០៨ករណីក្នុងនោះមាន ២,២៨៧,៥៤៥ករណីចាប់តាំងពីការផ្ទុះឡើងលើកទី៣ ខណៈករណីជាសះស្បើយសរុបចំនួន ២,២១៧,១២៤នាក់។ ចំនួនអ្នកស្លាប់សរុបមានចំនួន ២១,៩១៦នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះបានផ្ទុះឡើង ដោយក្នុងនោះ២១,៨២២នាក់ចាប់ពីងពីការផ្ទុះឡើងលើកទី៣ ៕