
កូរ៉េខាងជើងបញ្ជាក់ពីប្រភេទមីស៊ីលដែលខ្លួនបាញ់ម្សិលមិញ
ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានដកស្រង់ការចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នេះថា ការបាញ់តេស្តគ្រាប់មីស៊ីល ២គ្រាប់កាលពីថ្ងៃសុក្រម្សិលមិញ គឺត្រូវបានធ្វើឡើងចេញពីផ្លូវរថភ្លើង ហើយវាក៏ជាការធ្វើតេស្តអាវុធលើកទី ៣ ផងដែរសម្រាប់ឆ្នាំ ២០២២ នេះ។
យោធាកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានអះអាងពីការចាប់បានសញ្ញា នៃការធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ២គ្រាប់ ចេញពីខេត្ត ព្យុងហ្គាន់ខាងជើង (North Pyongan) ស្ថិតនៅភាគឦសាន នៃប្រទេសកូរ៉េខាងជើង ហើយគ្រាប់មីស៊ីលទាំងនោះ បានហោះសំដៅទៅកាន់ដែនសមុទ្រ ស្ថិតនៅភាគខាងកើតប្រទេសនេះ។
សូមជម្រាបថា មិនដល់ ២ សប្ដាហ៍ផង កូរ៉េខាងជើង បានសម្រេចនូវការបាញ់មីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ ដងទៅហើយ ខណដែលអាមេរិកនៅតែស្វែងរកទណ្ឌកម្មថ្មីៗ មកដាក់លើកូរ៉េខាងជើង៕