វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៥,៦៨៤ករណី» និងស្លាប់ថ្មី១២៩នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៦៨៤ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺកូដ៏កាចសាហាវនេះ ចំនួន១២៩នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ២,៩៨២ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២៨៩ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៨៨៨ករណី, ខេត្ត Bình Phước ៦៦១ករណី និងខេត្ត Khánh Hòa ៦៨០ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,០២៣,៥៤៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៧២៧,២៩០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៥,៦០៩នាក់៕