មហាជនភ្ញាក់ផ្អើល ក្រោយបែកធ្លាយឯកសារសម្រង់អចលនទ្រព្យមិនទាន់ចុះបញ្ជីមួយសន្លឹកដែលពុំមានបំពេញអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ

ខេត្តកែប ៖ មហាជនភ្ញាក់ផ្អើល និងឆ្ងល់គ្រប់ៗគ្នា ក្រោយបែកធ្លាយឯកសារសលាកបត្រសម្រង់អចលនទ្រព្យមិនទាន់ចុះបញ្ជីមួយសន្លឹក ចុះហត្ថលេខាដោយលោក សយ ច័ន្ទរ៉ាវុធ ប្រធានការិយាល័យនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកដំណាក់ចង្អើរ និងលោក ទិន បេន សមាជិកក្រុមប្រឹក្សាឃុំអង្កោល លើទំហំដី ៦៦៧៣ ម៉ែត្រការ៉េ មានភ្ជាប់ផែនទីបង្ហាញទីតាំងដី, រូបសណ្ឋានដី, និយាមការចំណុចព្រំដី ប៉ុន្តែពុំមានការបំពេញបែបបទអត្តសញ្ញាណម្ចាស់កម្មសិទ្ធិឡើយមិនដឹងថា តើការចុះហត្ថលេខាលើឯកសារបែបនេះ អាចចាត់ទុកជាការត្រឹមត្រូវតាមទម្រង់ផ្លូវច្បាប់ដែរឬទេ?

ពាក់ព័ន្ធឯកសារខាងលើនេះដែរ អភិបាលស្រុកដំណាក់ចង្អើរ លោកស្រី គឹម ចន្នី បានប្រាប់ថា ជាប្លង់បង្ហាញសម្រាប់ប្រើប្រាស់លើលិខិតទិញលក់ដីមិនទាន់មានប្លង់ចុះពេលទិញលក់ គេត្រូវតែបំពេញខ្លឹមសារហើយ សំខាន់ចំណុចនិយាមការ និងទម្រង់ដី ការទិញលក់មិនមែនមានតែមួយសន្លឹកទេ មានច្រើនទៀត។

ដោយឡែក ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកដំណាក់ចង្អើរ លោក សយ ច័ន្ទរ៉ាវុធ បានប្រាប់ថា ឯកសារនេះអ្នកបំពេញឯកសារគាត់មិនបានសរសេរ ប៉ុន្តែដីនេះលោកបានចុះពិនិត្យមើលជាមួយជលផលឃើញថា មិនចូលទៅលើដែនជលផលគ្រប់គ្រងទេ។ លោកបញ្ជាក់ថា ឯកសារផ្លូវច្បាប់ គឺបណ្ណកម្មសិទ្ធិ ប្រជាពលរដ្ឋភាគច្រើន គឺគ្មានឯកសារអ្វីទាំងអស់ នៅពេលចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ហើយទើបដឹងថា ដីណាស្របច្បាប់ ដីណាមិនស្របច្បាប់។

ចំណែក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកែប លោក សុទ្ធ ពុទ្ធិម៉ានី បានឲ្យដឹងថា ករណីដីដែលមិនទាន់ចុះបញ្ជី គឺគេធ្វើទម្រង់បែបហ្នឹង ដើម្បីឲ្យម្ចាស់ដីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា មានដីស្របច្បាប់ ដល់មានបណ្ណ គឺមានសលាកបត្រផ្សេងទៀត។

លោក ចក់ ស៊ីនាថ នាយផ្នែកជលផលដំណាក់ស្តេច មិនអាចសុំការពន្យល់បន្ថែមបានទេ ពាក់ព័ន្ធទីតាំងដីដែលបានបង្ហាញក្នុងសលាកបត្រសម្រង់ឯកសារអចលនទ្រព្យមិនទានចុះបញ្ជីខាងលើនេះ ដោយកាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ទូរស័ព្ទរបស់លោកខលចូល តែពុំមានអ្នកទទួល។

បើតាមការពន្យល់ពីអ្នកជំនាញផ្នែកច្បាប់មួយរូបបានឲ្យដឹងថា ជាទូទៅរាល់ការចុះហត្ថលេខាលើឯកសារ ឬលិខិតស្នាមផ្សេងៗ លុះត្រាតែមានការបំពេញបែបបទលើឯកសារនោះឲ្យបានគ្រប់លក្ខណៈជាមុនសិន ទើបអាចធ្វើការចុះហត្ថលេខាបាន ផ្ទុយទៅវិញបើពុំទាន់មានការបំពេញអត្តសញ្ញាណម្ចាស់កម្មសិទ្ធិអចលនទ្រព្យផងនោះ ហេតុហ៊ានចុះ ធ្វើបែបនេះ ខុសទៅនឹងនីតិច្បាប់ហើយ។

សូមបញ្ជាក់ថា រាល់ខ្លឹមសារខាងលើនេះគ្រាន់តែជាចម្ងល់របស់មហាជនប៉ុណ្ណោះ មិនមែនជាទស្សនៈរបស់ អង្គភាព “ភ្នំពេញដេលី” Phnom Penh Daily Media ទេ យើងខ្ញុំរង់ចាំស្វាគមន៍គ្រប់ពេលវេលា បើសិនជាមានការពន្យល់បកស្រាយបន្ថែមណាមួយនោះ៕ អត្ថបទ ៖ ទ្រី ហៀន