
Hun Sen Cup ថ្នាក់ខេត្ត កោះកុង និងត្បូងឃ្មុំ ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ
ភ្នំពេញ ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុមកោះកុងអេហ្វស៊ី និងខេត្តត្បូងឃ្មុំ ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី២០ ខែតុលានេះ ខណៈខេត្តត្បូងឃ្មុំ បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិលើខេត្តបាត់ដំបង។
ចំពោះក្រុមកោះកុងអេហ្វស៊ី បានយកឈ្នះខេត្តបន្ទាយមានជ័យ ១-០ នៅកីឡដ្ឋាន AEU Sport Park។ ក្នុងជំនួបចាញ់ធ្លាក់នេះ កោះកុង បានបើកការនាំមុខគូប្រជែង ១គ្រាប់មុន នៅវគ្គទី១ តាមរយៈការទាត់បាល់ចេញពីជ្រុង ហើយបំប៉ោងសំណាញ់ទីដ៏ល្អ ពីសំណាក់កីឡាករ ហ៊ឹម រ៉ស់សាលី នៅនាទី៤៥+១ ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ ៩០នាទី បន្ទាប់ពីបន្ទាយមានជ័យ ព្យាយាមវាយបកវិញ តែធ្វើពុំបានសម្រេច។
ដោយឡែក ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១គូទៀត ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC សម្រេចលុបចោលការប្រកួតភ្លាមៗ ដោយផ្ដល់ជ័យជម្នះដល់ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៣-០ លើខេត្តបាត់ដំបង បន្ទាប់ពីរកឃើញកីឡាករខេត្តបាត់ដំបង ៤រូប មានវិជ្ជមានកូវីដ-១៩។ ក្នុងព្រឹត្តិការណ៍នេះ នាំឲ្យខេត្តបាត់ដំបង អស់ឱកាសបន្ដការប្រកួតទៀត សូម្បីការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក៏ដោយ។
ដោយហេតុនេះ ក្រុមកោះកុងអេហ្វស៊ី និងខេត្តត្បូងឃ្មុំ នឹងត្រូវជួបគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែតុលា ចុងសប្ដាហ៍នេះ ដើម្បីប្រជែងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ឆ្នាំ២០២១។ ម្យ៉ាងវិញទៀត ក្រុមទាំងពីរ រួមទាំងខេត្តបន្ទាយមានជ័យ បានទទួលសិទ្ធិចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ហើយខេត្តបន្ទាយមានជ័យ ក៏ទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានថ្នាក់ខេត្ត ដោយស្វ័យប្រវត្តិផងដែរ៕ អត្ថបទពី៖ Cambodia SEA GAMES 2023