កូរ៉េខាងជើងបាញ់តេស្តមីស៊ីលទៀតហើយ នៅព្រឹកថ្ងៃចន្ទនេះ!

សេអ៊ូល ៖ ប្រទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃចន្ទនេះ បានបាញ់តេស្តគ្រាប់មីស៊ីលមួយគ្រាប់ទៀត ហើយនេះក៏ជាលើកទី ៤ ផងដែរសម្រាប់ដើមឆ្នាំ ២០២២។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សម្រាប់យោធាកូរ៉េខាងត្បូងវិញ នៅព្រឹកថ្ងៃចន្ទនេះក៏បានរាយការណ៍ផងដែរ អំពីការចាប់បានសញ្ញាបាញ់គ្រាប់មីស៊ីលចំនួន ១គ្រាប់ ចេញពីទឹកដីកូរ៉េខាងជើង រួចធ្លាក់ទៅក្នុងដែនសមុទ្រភាគខាងកើត របស់ប្រទេសនោះវិញ។ សម្រាប់ការបាញ់តេស្ត៣លើកមុនដោយកូរ៉េខាងជើង គឺលើកទី១ និង២ (មានចំនួន២គ្រាប់) សុទ្ធតែជាប្រភេទ គ្រាប់មីស៊ីលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) និងលើកទី៣ (ចំនួន២គ្រាប់) គឺជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ដែលត្រូវបានបាញ់ចេញពី «ម៉ាស៊ីនបាញ់មីស៊ីលចល័ត» នៅលើផ្លូវរថភ្លើង។

យ៉ាងណាក៏ដោយសម្រាប់លើកទី៤ នេះ គេនៅមិនទាន់អាចដឹង អំពីប្រភេទមីស៊ីលជាក់លាក់នោះឡើយ លុះត្រាណាតែសារព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយព័ត៌មានដើម្បីបញ្ជាក់ដូចសព្វដង៕