
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ យុវជនបន្តវេនរបស់គណបក្សប្រជាជន ត្រូវមានជំហររឹងមាំ ក្នុងការតម្កល់ផលប្រយោជន៍ជាតិជាធំ
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាននូវការ ថែរក្សា ការពារសុខសន្តិភាពលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន ។
ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាស សមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែមករា ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការរំលឹកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកា បានស្រោចស្រង់ជីវិតរបស់ពលរដ្ឋកម្ពុជា បានចំនួនបីដងធំៗរួចមកហើយរួមមាន៖ ទី១.ការរំដោះប្រជាពលរដ្ឋចេញពីការសម្លាប់រង្គាលរបស់របបប៉ុលពត ទី២.ការជួយពលរដ្ឋឱ្យចាកចេញពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទី៣.ការយកឈ្នះលើសមរភូមិកូវីដ-១៩ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៏ខ្លី ដោយសម្តេចតេជោបានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ តាមរយៈការពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័ស ទាន់ ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យព្រមទាំងបន្តស្រោចស្រព វ៉ាក់សាំងដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាច សាហាវនេះ។
ទាំងនេះគឺជាសមិទ្ធផលដ៏មិនអាចកាត់ថ្លៃពុំបានដែលប្រមុខដឹកនាំគណបក្សប្រជាជននិងសមាជិក សមាជិកាបានខិតខំប្រឹងប្រែងលើសពីការងារស្នូលរបស់ខ្លួនក្នុងបុព្វហេតុការពារអាយុជីវិត ពលរដ្ឋ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិ។
ឯកឧត្តម ប្រធានយុវជនថ្នាក់កណ្តាល បានគោរព និងកោតសរសើរនូវគំរូវីរភាពរបស់យុវជន ជំនាន់មុនដែលជាគំរូពោរពេញដោយភាពអំណត់អត់ធន់ព្យាយាម និងក្តីសង្ឃឹម ព្រមទាំងមានចក្ខុវិស័យ និងការផ្តួចផ្តើមខ្ពស់ក្នុងការតស៊ូរំដោះជាតិ ចេញពីរបបខ្មៅងងឹតបែកបាក់ខ្ទេចខ្ទាំ ឱ្យមកជាមានការរៀបចំដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ ដូច្នេះ ជាយុវជនជំនាន់ក្រោយត្រូវចង់ចាំ និងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំ ជំនាន់មុនដើម្បីពង្រឹងនិងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់នូវសមត្ថភាពប្រកាន់ខ្ជាប់នូវគុណតម្លៃ ជាបុគ្គល ស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជនព្រមទាំងការពារនិងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិមាតុភូមិ និងប្រជាជន៕