
អាមេរិកសម្តែងការព្រួយបារម្ភចំពោះមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូបៃដិន កាលពីថ្ងៃពុធ បានសម្តែងការព្រួយបារម្ភចំពោះមីស៊ីលលឿនជាងសំឡេងរបស់ចិន បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កាលពីចុងសប្តាហ៍កន្លងទៅ ថាទីក្រុងប៉េកាំងបានសាកល្បងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដែលអាចបំពាក់ដោយនុយក្លេអ៊ែរ កាលពីខែសីហា។
លោក ចូបៃដិន សម្ដែងការព្រួយបារម្ភ នៅពេលដែលអ្នកសារព័ត៌មានបានសាកសួរលោកពេលកំពុងឡើងយន្តហោះ Air Force One សម្រាប់ដំណើរកម្សាន្តទៅកាន់រដ្ឋ Pennsylvania ថា តើលោកមានការព្រួយបារម្ភអំពីមីស៊ីលលឿនជាងសំឡេងរបស់ចិនដែរឬទេ ហើយលោក ចូបៃដិន ក៏ឆ្លើយយ៉ាងខ្លីថា បាទ។
សូមជម្រាបថា កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា យោធាចិនបានបាញ់សាកល្បងមីស៊ីល ដោយបាញ់បង្ហោះជុំវិញពិភពលោកមុននឹងបង្កើនល្បឿនឆ្ពោះទៅគោលដៅរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា ប្រទេសចិនបានបដិសេធចំពោះរបាយការណ៍នេះ ដោយបញ្ជាក់ថា វាជាការសាកល្បងយានអវកាសធម្មតាប៉ុណ្ណោះ ដើម្បីផ្ទៀងផ្ទាត់បច្ចេកវិទ្យា និងប្រើប្រាស់វាឡើងវិញ។
ដោយឡែក កាលពីខែ កញ្ញា កន្លងទៅ ទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់ការពារជាតិអាមេរិកក៏បានប្រកាសថា ខ្លួនបានសាកល្បងអាវុធដែលមានល្បឿនលឿនជាងសំឡេងដល់ទៅ ៥ ដង ដោយនេះគឺជាការសាកល្បងអាវុធប្រកបដោយជោគជ័យលើកដំបូងរបស់ប្រទេស ចាប់តាំងពីឆ្នាំ ២០១៣ មក៕