
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន៦,៩២៩ករណី និងស្លាប់១៣នាក់ទៀត
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទនេះបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៦.៩២៩ករណីបន្ថែមទៀត និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៣នាក់ទៀត និង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok post។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើគឺមានចំនួន ៦,៧២០ករណីជាប្រជាជនទូទៅ និង ២០៩ករណីទៀតជាអ្នកទោសនៅក្នុងពន្ធនាគារ។ ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន៥,២៥៥នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើងនៅដើមឆ្នាំ ២០២០ ប្រទេសថៃមានករណីឆ្លងកូវីដ១៩សរុបចំនួន២,៣៣១,៤១៤ករណីក្នុងនោះករណីជាសះស្បើយមានចំនួន ២,២២៧,២៦៦នាក់។ ចំណែកចំនួនអ្នកស្លាប់សរុបមានចំនួន ២១,៩៣៨នាក់៕