សហរដ្ឋអាមេរិកមានមនុស្សជាង ២៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៤៦នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ២៨៧,៩៧៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៤៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៦,៩៩៥,៥៣៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៧៣,៥៦៤នាក់ និងជាសះស្បើយឡើងសរុបជាង ៤៣.១លាននាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥២៧លានដូស ក្នុងនោះប្រជាជន ២៤៨.៧លាននាក់ (៧៥.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៧.៣៧លាននាក់ (៦២.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៩.៥៥លាននាក់ (២៤.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕