Rooney អាចជា​បេក្ខភាព​ជំនួស​តំណែង​លោក Benitez នៅ Everton

អង់គ្លេស ៖ ពេលវេលា​របស់លោក Rafael Benitez នៅ Everton បាន​ដល់ទី​បញ្ចប់​ហើយ ក្រោយ​ប្រកួត​ចាញ់ Norwich កាលពី​ថ្ងៃ​សៅរ៍ នាំ​ឲ្យ​ក្លិប​សម្រេច​បណ្ដេញ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញរូបនេះ​ចេញ​តំណែង​។​

Everton ក្រោម​ការដឹកនាំ​របស់​លោក Benitez ហាក់ដូចជា​មិនសូវ​ទទួលបាន​ជោគជ័យ​ឡើយ ដោយ​បច្ចុប្បន្នកំពុង​ស្ថិតនៅ​លេខ​១៦​ក្នុង​តារាង​ពិន្ទុ ទើបតែ​មាន​១៩​ពិន្ទុ​ប៉ុណ្ណោះ​ដែល​នាំ​ឲ្យ​អ្នកគាំទ្រ​មិន​សប្បាយចិត្ត​។

​បច្ចុប្បន្ន​ក្លឹប​កំពុង​ស្វែងរក​អ្នកចាត់ការ​ថ្មី ខណៈ Wayne Rooney កំពុង​ត្រូវបាន​ចាប់អារម្មណ៍​ពី Everton ដើម្បី​មក​ជំនួស​កន្លែង​លោក Benitez​។ អ្នកចាត់ការ​ក្នុង​ក្លឹប Derby County រូបនេះ ទទួលបាន​ការកោតសរសើ​រ​ជាច្រើន​ពី​ការងារ​ដែល​បានសម្រេច​ក្នុង​រដូវ​កាល​នេះ​។ Rooney ធ្លាប់​ចូលរួម​លេង​ឲ្យ Everton ២​ដង​កាល​នៅ​ជា​កីឡាករ​។​

​ក្រៅពី Rooney ក្លិប Everton ក៏​កំពុង​ពិចារណា​យក​លោក Roberto Martinez ត្រឡប់មកវិញ​ផងដែរ​។​Martinez ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ Everton ពី​ឆ្នាំ​២០១៣​ដល់​២០១៦៕