ពលរដ្ឋ​ដែល​​ជម្លៀស​ពី​ទឹកជំនន់​ស្រុង​នៃ​ព្រំដែន​ថៃ​នៅ​ក្រុង​ប៉ោយប៉ែត កើន​ដល់​១១៦​គ្រួសារ​

ខេត្តបន្ទាយមានជ័យ ៖​ គិត​មកទល់​ល្ងាច​ថ្ងៃទី​២០ ​ខែតុលា ​ឆ្នាំ​២០២១ ពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​ពី​ទឹកជំនន់​ស្រុង​នៃ​ព្រំដែន​ថៃ ដែលជា​ទឹកជំនន់​លើក​ទី​២ ក្នុង​ឆ្នាំ ២០២១​នេះ នៅ​សង្កាត់​ប៉ោយប៉ែត សង្កាត់​ផ្សារកណ្តាល ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​កើន​ដល់​១១៦​គ្រួសារ។​

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ព្រមទាំង​ក្រុមការងារ​កងកម្លាំង​ទាំងអស់​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ចាត់ចែង​ផ្តល់​គ្រឿងឧបភោគ បរិភោគ​ទៅជូន​បងប្អូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទាំងនោះ​ហើយ ។​

ដោយឡែក មន្ត្រី​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ក៏បាន​ដឹកនាំ​អ្នកស្ម័គ្រចិត្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅលើ​ទីទួល​សុវត្ថិភាព ដែល​ជម្លៀស​ចេញពី​ទឹកជំនន់ ក្នុង​ក្រុង​ប៉ោយប៉ែត​លើ​ពីរ​សង្កាត់​នោះ​ផងដែរ ៕ ដោយ ៖ កំសត់