
វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៤,៩២៩ករណី» និងស្លាប់ថ្មី១៤១នាក់ទៀត
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៤,៩២៩ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៤១នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។
បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ២,៨៨៥ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១៥៣ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៨៨៦ករណី, ខេត្ត Quảng Nam ៦១៧ករណី និងខេត្ត Thanh Hóa ៥៨២ករណី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,២១៨,១៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៩៥០,២៤៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៧,៤៣២នាក់៕