មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងគុណភាពបរិស្ថាន

ខេត្តមណ្ឌលគីរី ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានជំរុញឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឲ្យបានល្អថែមទៀតដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមបានលើកទឹកចិត្តឲ្យមន្រ្តីជំនាញយកចិត្តទុកថាក់លើការងារអបរំផ្សព្វផ្សាយលើបទដ្ឋានគតិយុត្តនិងច្បាប់នានា ដើម្បីខេត្តមណ្ឌលគីរីអនាគតប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជា ជាពិសេសលើកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថាន កសទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅតាមរមណីយដ្ឋាន កន្លែងទេសចរណ៍ សណ្ឋាគារ និង រីសតនានា។

ការថ្លែងរបស់ ឯកឧត្តមរដ្ឋលេខាធិការបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទាំងមណ្ឌលគីរី ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរីនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២។

ឯកឧត្តមបានបន្ថែមថា បន្ទាប់ពីមេរោគកូវីដ១៩រីករាលដាលបានធ្វើឱ្យអសកម្មភាពមួយចំនួនមិនថាកម្ពុជា ឬ ប្រទេសដទៃទេ ហើយចំពោះវិស័យបរិស្ថានក៏បានទទួលរងផលប៉ះពាល់មួយចំនួនដែរ ប៉ុន្តែចាប់ពីស្ថានភាពធូរស្បើយបន្ទាប់ពីរាជ រដ្ឋាភិបាលបានចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ជូនពលរដ្ឋទូទាំងប្រទេសរួចមក យើងអាចពង្រឹង និងបន្តសកម្មភាពឱ្យកាន់តែសកម្មជាងមុនក្នុងការគ្រប់គ្រងបរិស្ថានកបន្ថែមទៀត។ ទន្ទឹមនោះ ឯកឧត្តម បានផ្តាំផ្ញើក៏ដូចជាក្រើនរំលឹកដល់មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត គឺត្រូវការពារអោយបាននូវកេរ្ត៍តំណែលនូវធនធានធម្មជាតិសំរាប់នុស្សជំនាន់ក្រោយ ។

ក្នុងឱកាសនោះ ឯកឧត្តម ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគីរី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលបានសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ពិសេសទៅលើកិច្ចការពាធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការទប់ស្កាត់នូវរាល់ការបំពុលបរិស្ថាន ការបំផ្លាញធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាដើម។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានលើកឡើងក្នុងពិធីនេះដែរថាការងារសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងគោលដៅចម្បងៗ រួមមានកិច្ចការពារ អភិរក្ស និងពង្រឹងការអនុវត្តច្បាប់ស្តីពី តំបន់ការពារធម្មជាតិ ការធានានូវគុណភាពបរិស្ថានល្អនៅតាមទីប្រជុំជន ការចូលរួមគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍មូលដ្នាន ការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ និងការអប់រំផ្សព្វផ្សាយបរិស្ថានជូនសាធារណជន សំដៅសម្រេចបាននូវគោលបំណងរួមមួយរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី៕ ដោយ ៖ ផល្លិត ហៅរ៉ា