
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ ចំនួន ៨.៦១៨ករណី និងស្លាប់១៩នាក់បន្ថែមទៀត
ថ្ងៃចេញផ្សាយៈ ខែមករា 29, 2022
បាងកក ៖ ក្រសួងសុខភាពសាធារណៈថៃ នៅព្រឹកថ្ងៃសៅរ៍នេះបានប្រកាសបន្តរកឃើញករណីឆ្លងថ្មីកូវីដ-១៩ថ្មីៗ ចំនួន ៨.៦១៨ករណីបន្ថែមទៀត និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៩ នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok post។
យោងតាមរបាយការណ៍ពៅក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើគឺមាន៨,៤០២ករណីជាករណីឆ្លងក្នុងសហគមន៍និងនាំចូល ២១៦ ករណី។ ដោយឡែកកាលពីថ្ងៃសុក្រម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន ៨,៣៥៨នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើងនៅដើមឆ្នាំ ២០២០ ប្រទេសថៃ មានករណីឆ្លងកូវីដ១៩សរុបចំនួន ២,៤២៤,០៩០ ករណីក្នុងនោះជាសះស្បើយចំនួន ២,៣១៨,០០៦នាក់។ ចំណែកចំនួនអ្នកស្លាប់សរុបមាន២២,១៤៥នាក់៕