
ប្រធានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជានឹងមកដល់កម្ពុជានៅចុងខែនេះ
ភ្នំពេញ ៖ លោក Satoshi Saito ប្រធានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា នឹងមកដល់កម្ពុជា នាថ្ងៃទី២៦ ខែតុលាខាងមុខនេះ។ នេះបើយោងបទសម្ភាសន៍តាម Zoom ដល់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី ២១ តុលា ពីប្រទេសជប៉ុន។
គួររំលឹកថាលោក Satoshi Saito ត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសតែងតាំងជា នាយកប្រតិបត្តិក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាកាលថ្ងៃទី ១៤ តុលា កន្លងទៅដើម្បីជម្រុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជាឈានទៅមុខមួយកម្រិតទៀត។
សូមជម្រាបថា មុនការតែងតាំងជាប្រធានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា លោកធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិរបស់ក្លិបកំពូលអេស្ប៉ាញ Barcelona ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ បន្ទាប់មកជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមទាំងតួនាទីជានាយកទីផ្សាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ផងដែរ៕