រុស្ស៊ី​រកឃើញ​វីរុស​ Delta ទម្រង់​ថ្មី​ដែល​ឆ្លង​ខ្លាំង​ និងលឿនជាង​វីរុស​ដើម​

​រុស្ស៊ី ៖ អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ប្រទេស​រុស្ស៊ី​បាន​រកឃើញ​វីរុស​បំប្លែង​ខ្លួន Delta ទម្រង់​ថ្មី​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ការឆ្លង​រាលដាល​ និង​ការស្លាប់​នៅ​ទូទាំងប្រទេស​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CGTN​។​

​យោងតាម​លោក Kamil Khafizov ដែលជា​ប្រធាន​ក្រុម​អ្នក វិទ្យាសាស្ត្រ Rospotrebnadzor បាន​ប្រាប់​សារព័ត៌មាន Interfax ថា​“​វីរុស​បំប្លែង​ខ្លួន​Delta ទម្រង់​ថ្មី ប្រភេទ AY.4.2 ត្រូវបាន​គេ​រកឃើញ​លើ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ប្រទេស​រុស្ស៊ី​” ។​ ​លោក​បាន​បន្ថែមថា ​“​វា​ទំនងជា​រីក​រាលដាល​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​រុស្ស៊ី​និង​ពិភពលោក​។ លោក Khafizov បាន​និយាយថា វី​រុ​ប​ប្រភេទ AY.4.2 អាច​ឆ្លង​លឿន​ជាង​វីរុស​បំប្លែង​ខ្លួន Delta ដល់​ទៅ ១០ ដង​ឯណោះ​” ។​

​មន្ត្រី​សុខាភិបាល​រុស្ស៊ី​និយាយថា វីរុស​បំប្លែង​ខ្លួន Delta​គឺជា​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ដ៏​លេចធ្លោ​ក្នុង​រលក​ទី​បួន​នៃ​រោគរាតត្បាត​កូ​វីដ ១៩ ដែល​បាន​គ្របដណ្ដប់​លើ​មន្ទីរពេទ្យ​របស់​ប្រទេស ចំពេល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប ។​ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​ទំនុកចិត្ត​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​រុស្ស៊ី​ប្រឆាំងនឹង​វីរុស​ប្រភេទ AY.4.2 ពីព្រោះ​ប្រភេទ​ថ្មី​នេះ​មិន​ខុសគ្នា​ជាមួយ​វីរុស Delta ទម្រង់​ដើម​ខ្លាំង​ប៉ុន្មាន​ទេ ៕