មេដឹកនាំជាន់ខ្ពស់ក្រុមភេរវករអាល់កៃដាម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរី

បរទេស ៖ មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមភេរវករអាល់ដៃកា លោក Abdul Hamid al-Matar ត្រូវបានសម្លាប់ នៅក្នុងទឹកដីប្រទេសស៊ីរី កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយការវាយប្រហារយន្តហោះដ្រូន ពីយោធាអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

អ្នកនាំពាក្យ CENTCOM លោក Maj. Rigsbee បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា ការវាយប្រហារ​តាមរយៈ​យន្តហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​) ប្រភេទ MQ-9 Reaper របស់​អាមេរិក នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី បានសម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​អាល់​កៃ​ដា​លោក Abdul Hamid al-Matar ប៉ុន្តែ​មិនបាន​បង្ក​ឲ្យ​ជន​ស៊ីវិល​ណា​ម្នាក់​រងរបួស​ក្នុងការ​វាយប្រហារ​នោះទេ​។​

លោក បៃ​ដិ​ន បាន​និយាយថា សព្វថ្ងៃនេះ​ការគំរាមកំហែង​ពី​ភេរវ​ករ​បាន​រីក​រាលដាល​យ៉ាង​ធំធេង​ហួស​ពី​ការ​ស្មាន ដូចជា​ក្រុម al-Shabaab នៅ​ប្រទេស​សូ​ម៉ាលី​, ក្រុម​អាល់​កៃ​ដា​នៅ​ឧបទ្វីប​អារ៉ាប់ (AQQP), ក្រុម al-Nusra នៅ​ស៊ី​រី​, ក្រុម ISIS ព្យាយាម​បង្កើត​ការិយាល័យ​ព្រះ​ចៅ​កាលី​ហ្វា​ត​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ក៏ដូចជា​បង្កើត​សាខា​នៅក្នុង​ប្រទេស​ជាច្រើន​នៅ​ទ្វីបអាហ្វ្រិក និង​អាស៊ី​ផងដែរ​។​

គួរបញ្ជាក់ថា ការវាយប្រហារខាងលើនេះ បានកើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានត្រួតពិនិត្យមួយរបស់សហរដ្ឋអាមេរិក ស្ថិតនៅភាគខាងត្បូងប្រទេសស៊ីរី បានរងការវាយប្រហារ។ ជុំវិញហេតុការណ៍នេះ លោក John Rigsbee មិនបានបញ្ជាក់នោះឡើយថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារដោយយន្តហោះដ្រូន ជាការសងសឹក ឬមួយក៏យ៉ាងណានោះ៕