អភិបាលខេត្តមណ្ឌលគិរីប្រគល់ម៉ាស៊ីនកាត់ស្មៅចំនួន ០៨ គ្រឿងដល់រដ្ឋបាលក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានផ្តល់ម៉ាស៊ីនកាត់ស្មៅចំនួន ០៨ គ្រឿង ដល់រដ្ឋបាលក្រុងសែនមនោរម្យ ដើម្បីចែកជូនដល់សាលាសង្កាត់ទាំងបួន សម្រាប់កាត់ស្មៅសម្អាត បរិស្ថាន នៅតាមសាលាសង្កាត់នីមួយៗ និង តាមផ្លូវសាធារណៈ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ។

ពិធីប្រគល់ និងទទួលនេះធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក នាង វណ្ណះ នាយករងរដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នៅសណ្ឋាគារ អ៊ីលីវិន ដោយក្នុងមួយសង្កាត់ទទួលបានម៉ាស៊ីនកាត់ស្មៅចំនួន០២គ្រឿង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់តម្កល់ ជួងជ័យ និងស្គរជ័យ នៅវត្តសែនមនោរម្យ ដែលស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕ ដោយ ៖ ផែង ផល្លិត